ជំនួយពីប្រទេសជប៉ុន

ជំនួយពីប្រទេសជប៉ុន

សមាជិកជាយោធាជប៉ុនអង្កេតនាវិកកម្ពុជាបំពាក់ឧបករណ៍ទ្រាប់កដល់អ្នកជម្ងឺក្នុងវគ្គផ្លាស់ប្តូរចំណេះដឹងភាពជាដៃគូប៉ាស៊ីហ្វីកនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ 

តាមរយៈសាខាអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួនហៅថា ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ (ដោយមិនគិតប្រទេសចិន ដោយហេតុថាជំនួយរបស់ចិនតែងតែមិនត្រូវបានផ្តល់ឲ្យតាមរបៀបដូចជំនួយដទៃទៀតទេ)។ ត្រឹមតែក្នុងរយៈពេល ១០ឆ្នាំ ថវិកា ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ១៧០ លានដុល្លារអាមេរិក ផ្តល់តាមរយៈអង្គការអន្តរជាតិ និង៥៥០ លានដុល្លារអាមេរិកតាមរយៈជំនួយទ្វេភាគី)1 បានផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការរីកចម្រើន និងការចូលរួមនៅក្នុងអាស៊ានតាមរយៈក្របខណ្ឌដែលបានដាក់ចេញដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ។ កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ទីភ្នាក់ងារ JICA  បានពង្រីក ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មកកាន់កម្ពុជា។2 សកម្មភាពនេះត្រូវបានអនុវត្តន៍ដើម្បីជួយដល់សមាហរណកម្មអាស៊ាន និងដើម្បីបង្រួមគម្លាតការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន។ ទីភ្នាក់ងារ JICA គាំទ្រជាអាទិភាពដល់ការអភិវឌ្ឍរបស់កម្ពុជាតាមរយៈជំនួយឥតសំណង និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

ការគ្រប់គ្រង និងក្របខណ្ឌជំនួយអភិវឌ្ឍន៍

ទស្សនវិទ្យាមូលដ្ឋាននៃការអភិវឌ្ឍរបស់ជប៉ុន គឺ “វិនិយោគសម្រាប់ពេលអនាគត”។4 ដូចនេះហើយ វាគឺជាគោលដៅអាទិភាពរបស់ជប៉ុន ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជាតាមរយៈកំណើនប្រកបដោយចីរភាព និងយុទ្ធសាស្ត្រ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ ទីភ្នាក់ងារ JICA បានផ្តល់មូលនិធិយ៉ាងទៀងទាត់ដល់គម្រោងនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍។ គម្រោងដែលកំពុងបន្តជាច្រើនរបស់ជប៉ុន គឺត្រូវបានដាក់ចេញដើម្បីបញ្ជូលជំនួយឥតសំណងរួមជាមួយនឹងជំនួយបច្ចេកទេស។

ជាឧទាហរណ៍ ផ្នែកជាច្រើននៃគម្រោងអភិវឌ្ឍន៍ទីក្រុងរួមបញ្ចូលទាំងការកែលម្អឡើងវិញនូវប្រព័ន្ធរថយន្តក្រុងសាធារណៈ5 ការសាងសង់ប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល និងការធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធលូដើម្បីរំដោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ។6 គម្រោងទាំងនេះ ត្រូវបានរចនាឡើងដើម្បីដាក់បញ្ជូលជំនួយរបស់ជប៉ុន ប៉ុន្តែត្រូវបានអនុវត្តន៍ជាគម្រោងកសាងសមត្ថភាព និងការបណ្តុះបណ្តាល ដែលនឹងផ្តល់ការងារ និងធ្វើឱ្យការងារនៅភ្នំពេញកាន់តែងាយស្រួល។វិស័យដែលទទួលបានការគាំទ្រខ្លាំងត្រូវបានជ្រើសរើស ដោយសារតែលទ្ធផលដែលទទួលបាន គឺភាពស៊ីចង្វាក់ជាមួយនឹងម៉ូដែលកំណើនប្រកបដោយចីរភាពរបស់ជប៉ុន។ ប្រទេសជប៉ុន ស្ទើរតែផ្តោតទាំងស្រុងទៅលើកំណើនសេដ្ឋកិច្ច ហេតុដូននេះហើយជប៉ុនមានបំណងដើម្បីជួយកម្ពុជារក្សាអត្រាកំណើន ៧ ភាគរយជារៀងរាល់ឆ្នាំ ជាមួយនឹងអតិផរណាដែលអាចគ្រប់គ្រងបាន និងអន្តរកម្មស្ថេរភាពជាមួយនឹងទីផ្សារអន្តរជាតិ។8 រហូតមកដល់ពេលនេះ សេដ្ឋកិច្ចកម្ពុជាបានឆ្លើយតបយ៉ាងប្រសើរចំពោះគម្រោងរបស់ ទីភ្នាក់ JICA – យោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦ សេដ្ឋកិច្ច កម្ពុជាបានកើនដល់ ៧.១ ភាគរយ ហើយអត្រាអតិផរណាបានស្ថិតនៅក្រោម ១.៩ ភាគរយ។

ហេតុផលមួយទៀតដែល ទីភ្នាក់ងារ JICA បានជួយដល់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ គឺដោយសារតែជប៉ុន គឺជាប្រទេសមួយក្នុងចំណោមដៃគូពាក់ព័ន្ធធំបំផុតនៅក្នុងអាស៊ាន ហើយបាននិងកំពុងបន្តធ្វើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍នានានៅក្នុងអាស៊ាន ឈានជើងចូលសេដ្ឋកិច្ចសកល និងតំបន់។ជាចុងក្រោយ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទាំងនេះ ជប៉ុនក៏បានផ្តល់មូលនិធិដល់កំណើនវិស័យឯកជន និងជម្រុញការអភិវឌ្ឍជនបទផងដែរ។ គោលដៅអភិវឌ្ឍន៍បន្តបន្ទាប់របស់ជប៉ុន គឺការលើកកម្ពស់ការអភិវឌ្ឍសង្គម និងការពង្រឹងអភិបាលកិច្ចរបស់កម្ពុជា។ជំនួយដែលផ្តល់ដោយទីភ្នាក់ងារ JICA នាពេលថ្មីៗនេះ ដែលគូសបញ្ជាក់អំពីការអភិវឌ្ឍខាងលើ ត្រូវបានចុះហត្ថលេខាកាលពីក្នុងឆមាសទី១ និងទី២ឆ្នាំនេះ។ នៅក្នុងខែមីនា ឆ្នាំ២០១៦ ទីភ្នាក់ងារ JICA បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២១៥.៥ លានដុល្លារអាមេរិក និងឥណទានសម្បទានសម្រាប់ “គម្រោងជួសជុលស្ពានជ្រោយចង្វារ”, “គម្រោងសម្រាប់ការកែលម្អបរិក្ខារបម្រើឲ្យសកម្មភាពដោះមីន (ដំណាក់កាលទី៧)” និង “គម្រោងកែលម្អផ្លូវជាតិលេខប្រាំ (កំណាត់ផ្លូវព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី ២”។12 នៅក្នុងខែមិថុនា ឆ្នាំ ២០១៦ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាសម្រាប់អនុវត្តគម្រោងកែលម្អ បច្ចេកទេសផលិតពូជវារីវប្បកម្មសមុទ្រ។ គម្រោងនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាព នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ក្នុងខេត្តព្រះសីហនុ ដែលបរិក្ខារសាងសង់ក្រោមជំនួយរបស់ជប៉ុននៅក្នុងឆ្នាំ ២០១២។

គម្រោងផ្សេងទៀតដែលមានជាធរមាន

គម្រោងសាងសង់ស្ពានអ្នកលឿង

គម្រោងអភិវឌ្ឍន៍ធនធានអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យានៅកម្រិតមធ្យមសិក្សា

គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវការគាំពារមាតា និងទារកតាមរយៈការអភិវឌ្ឍសមត្ថភាពឆ្មប

ខួបទី៥០នៃអ្នកស្ម័គ្រចិត្តរបស់ជប៉ុន

គម្រោងកែលម្អប្រព័ន្ធប្រឡាយ-លូនៅរាជធានីភ្នំពេញ ដើម្បីការពារទីក្រុងពីទឹកជំនន់

គម្រោងលើកកម្ពស់ការបង្កបង្កើនផលកសិកម្មនៅខាងលិចបឹងទន្លឹសាប

គម្រោងទីក្រុងអេកូ៧

រៀបរៀងដោយបុគ្គលិកភាសាជប៉ុន

ប្រភព:  https://opendevelopmentcambodia.net/km/topics/japanese-aid/

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again